សំណួរញឹកញាប់

1 អំពីJFT-Basic

សំណួរទី1តើJFT-Basicគឺជាការប្រលងបែបណា?​
ចម្លើយ
JFT-Basic គឺជាប្រលងវាស់ស្ទង់សមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនដែលចាំបាច់នៅក្នុងស្ថានភាពនៃការរស់នៅនៅក្នុងប្រទេសជប៉ុន។ មូលនិធិជប៉ុនបានចាប់ផ្តើមការប្រលងនេះនៅខែមេសាឆ្នាំ2019។​ ការប្រលងនេះធ្វើការវិនិច្ឆ័យថាតើជនបរទេសដែលមកប្រទេសជប៉ុនដើម្បីបម្រើការងារ មាន “សមត្ថភាពត្រឹមកម្រិតដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានដោយ មិនមានបញ្ហាក្នុងការរស់នៅ” ដែរឬទេ ដោយវាស់ស្ទង់ទៅលើសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងគ្នាក្នុងជីវិតប្រចាំថ្ងៃ។ វាអាចប្រើដើម្បីបញ្ជាក់សមត្ថភាពភាសាជប៉ុនដែលចាំបាច់ដើម្បីដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅប្រទេសជប៉ុនជា “ពលករជំនាញពិសេស កម្រិត១” ។
សំណួរទី2តើJFT-Basicប្រព្រឹត្តទៅដោយរបៀប ណា?
ចម្លើយ
JFT-Basicត្រូវបានធ្វើឡើងតាមវិធិសាស្ត្រតេស្ដតាម កុំព្យូទ័រ(CBT:Computer Based Testing)។ នៅតាមប្រទេសនីមួយៗការប្រលងគឺធ្វើឡើងដោយប្រើកុំព្យូទ័រសម្រាប់ទាំងការចេញសំណួរនិងការឆ្លើយ។ នៅតុប្រលង អ្នកប្រលងត្រូវជ្រើសរើសចម្លើយសម្រាប់ សំណួរដែលមាននៅលើអេក្រង់កុំព្យូទ័រហើយប្រលងវិញ្ញាសារស្ដាប់ដោយប្រើកាសត្រចៀក
សំណួរទី3តើស្ថាប័នណាជាអ្នករៀបចំការប្រលងJFT-Basic?
ចម្លើយ
គឺមូលនិធិជប៉ុន។
សំណួរទី4តើនរណាខ្លះអាចចូលរួមប្រលង JFT-Basic បាន?
ចម្លើយ
ការប្រលងនេះសម្រាប់អ្នកដែលភាសាជប៉ុនមិនមែនជាភាសាកំណើត។ យ៉ាងណាមិញ លក្ខណៈសម្បត្តិចូលរួមប្រលងគឺខុសគ្នាទៅតាមប្រទេសនីមួយៗ ហេតុនេះសម្រាប់ព័ត៌មានលម្អិត សូមមើលគេហទំព័រកក់ការប្រលងPrometric។​
សំណួរទី5តើJFT-Basic ត្រូវប្រលងនៅថ្ងៃណាហើយនៅ កន្លែងណា?
ចម្លើយ
សូមមើល "តារាងកាលវិភាគថ្ងៃប្រលង" នៅលើគេហទំព័រកក់ការប្រលងPrometric។
សំណួរទី6តើបេក្ខជនអាចប្រលងJFT-Basicនៅប្រទេសផ្សេងដែលមិនមែនជាប្រទេសខ្លួនកំពុងរស់នៅបានដែរឬទេ?
ចម្លើយ
អាចកក់ការប្រលងនៅប្រទេសផ្សេងដែលមិនមែនជាប្រទេសខ្លួនកំពុងរស់នៅបាន។ យ៉ាងណាមិញ ការពន្យល់និងចំណុចត្រូវប្រុងប្រយ័ត្ន ការពិនិត្យវិន័យជាដើមនៅមណ្ឌលប្រលង គឺធ្វើឡើងជាភាសានៃប្រទេសរបស់មណ្ឌលប្រលងនោះឬជាភាសាអង់គ្លេស ហើយមិនមានជាភាសាផ្សេងទៀតក្រៅពីនេះទេ ។ ម្យ៉ាងទៀត វិធី បង់ប្រាក់ថ្លៃប្រលងអាចនឹងខុសគ្នាទៅតាមប្រទេស ដូច នេះសូមប្រុងប្រយ័ត្ន។
សំណួរទី7តើអាចប្រលងតែមួយផ្នែកនៃ JFT-Basic បានដែរឬទេ?
ចម្លើយ
មិនបានទេ។
សំណួរទី8តើអាចប្រលង JFT-Basic ម្តងទៀតបានទេ?
ចម្លើយ
បាន។ យ៉ាងណាមិញ ចាំបាច់ត្រូវឲ្យមានគម្លាត45ថ្ងៃរវាងថ្ងៃប្រលង មុននិងថ្ងៃប្រលងបន្ទាប់។
សំណួរទី9តើការប្រលងនេះខុសគ្នានឹងការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT)យ៉ាងដូចម្តេច?
ចម្លើយ
ការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT)ជាការប្រលងដែលមានលក្ខណៈទូទៅដោយលើកយក ស្ថានភាពជាច្រើននិងទូលំទូលាយដើម្បីវាស់ស្ទង់កម្រិត ជំនាញ របស់អ្នកសិក្សាភាសាជប៉ុន ហើយត្រូវបានបែងចែកជា5កម្រិតពីN1ដល់N5។ JFT-Basic គឺជាការប្រលងវាស់ស្ទង់សមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនដែលចាំបាច់នៅក្នុងស្ថានភាព រស់នៅនៅក្នុងប្រទេសជប៉ុន ហើយមានតែ1កម្រិតប៉ុណ្ណោះ។
វិធីសាស្ត្រ ប្រលងរបស់JLPT និងJFT-Basic ក៏ខុសគ្នាដែរ ដោយJLPTប្រលងដោយ គូសជ្រើសរើសចម្លើយលើ ក្រដាស ហើយធ្វើឡើងនៅថ្ងៃប្រលងជាក់លាក់ដោយមួយឆ្នាំ2ដងនៅប្រទេសជប៉ុននិងបរទេស(ប្រហែល80ប្រទេសនិងតំបន់) រីឯJFT-Basic គឺប្រលងដោយប្រើវិធីសាស្ត្រតេស្ដតាមកុំព្យូទ័រឬCBT ហើយធ្វើឡើង តាមកាលវិភាគ ដែលត្រូវបានកំណត់តាមប្រទេសនីមួយៗដោយមួយឆ្នាំប្រលង6ដងនៅបរទេស(តំបន់អាស៊ី)និងប្រទេសជប៉ុន។
ចំពោះលទ្ធផលប្រលង JLPT បន្ទាប់ពីថ្ងៃប្រលង អ្នក អាចដឹងលទ្ធផលតាមអនឡាញប្រហែល2ខែក្រោយ ហើយប្រហែល3ខែក្រោយលិខិតបញ្ជាក់ លទ្ធផល នឹងទៅដល់ដៃបេក្ខជន។ រីឯJFT-Basicវិញបេក្ខជន អាចដឹងលទ្ធផលភ្លាមៗនៅថ្ងៃប្រលង ហើយលិខិតបញ្ជាក់លទ្ធផល នឹងត្រូវចេញជូនក្នុងរយៈពេល5ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃប្រលងរួច។
លិខិតបញ្ជាក់កម្រិតN4ឡើងទៅនៃការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT) ក៏អាចប្រើប្រាស់ក្នុងការស្នើសុំ “សិទ្ធិស្នាក់នៅជាពលករជំនាញពិសេស កម្រិត១” បានដែរ ប៉ុន្តែលក្ខណៈពិសេសរបស់JFT-Basic គឺឱកាសប្រលងមានច្រើនហើយអាចដឹងលទ្ធផលភ្លាមៗ។

2 អំពីខ្លឹមសារនៃការប្រលង

សំណួរទី1តើJFT-Basic មានច្រើនកម្រិតដែរឬទេ?
ចម្លើយ
ទេ មិនមានច្រើន ដូចជាការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT) ទេ។
សំណួរទី2តើJFT-Basic ជាការប្រលងកម្រិតអ្វី?
ចម្លើយ
ការប្រលងនេះធ្វើការវិនិច្ឆ័យថាតើបេក្ខជន មានសមត្ថភាពភាសាជប៉ុនត្រឹម កម្រិតA2 ដែលជាស្តង់ដារនៃ “សមត្ថភាព ដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានដោយ មិនមានបញ្ហាក្នុងការរស់នៅ” ។ ព័ត៌មានលម្អិត សូមមើលការបង្ហាញពីកម្រិត។​
សំណួរទី3នៅក្នុងការប្រលងJFT-Basic តើមានចេញសំណួរបែបណាខ្លះ?
ចម្លើយ
JFT-Basic ផ្សំឡើងដោយ4ផ្នែកគឺ “អក្សរនិងវាក្យសព្ទ” “ការសន្ទនានិងវិធីនិយាយ” “ការស្ដាប់ ហើយយល់” និង “ការអាន ហើយយល់” ។ សំណួរត្រូវបានចេញផ្អែកតាមCan-doនៃកម្រិតA1ទៅA2 ដោយយោងទៅតាម គោលការណ៍ យោងរួមនៃភាសា អឺរ៉ុប(CEFR:Common European Framework of Reference for Languages: Learning, teaching, assessment) ព្រមទាំងស្តង់ដារការអប់រំភាសាជប៉ុនរបស់JF។ សំណួរគំរូក៏ត្រូវបានបង្ហាញជាសាធារណៈផងដែរ ដូច នេះលោកអ្នកអាចយកមក ប្រើប្រាស់ជាឯកសារយោងបាន។ គួរបញ្ជាក់ថា ចំពោះសំណួរស្ដីពីវិធីសាស្ត្រសិក្សាត្រៀមប្រលង សូមមើលនៅចំណុច "4 អំពីការរៀនត្រៀមការប្រលង" ត្រង់សំណួរចម្លើយ "សំណួរទី1 តើគួររៀនត្រៀមបែបណាទើបល្អ? តើមានឯកសារសិក្សាទេ? " ។​
សំណួរទី4តើនៅក្នុងJFT-Basic មានសំណួរសន្ទនា(ប្រលងនិយាយ) និងសំណួរតែងសេចក្តី(ប្រលងសំណេរ) ដែរឬទេ?
ចម្លើយ
ទេ បច្ចុប្បន្ននេះគឺមិនទាន់មានទាំងពីរនេះទេ។
សំណួរទី5តើការប្រលងJFT-Basic មានរយៈពេលប៉ុន្មាន?
ចម្លើយ
60នាទី។

3 អំពីការកក់ការប្រលង

អំពីការកក់ការប្រលង សូមមើល "លំដាប់លំដោយនៃការប្រលង" ។ ចំពោះសំណួរទាក់ទងនឹងការកក់ការប្រលងទាំងមូល សូមសាកសួរទៅកាន់មជ្ឈមណ្ឌលសេវាអតិថិជនរបស់Prometric ដែលមានសរសេរលើគេហទំព័រកក់ការប្រលងPrometric។​ មុនពេលសាកសួរ សូមពិនិត្យមើលសំណួរចម្លើយ FAQនៅលើគេហទំព័រកក់ការប្រលងPrometric ។ គួរបញ្ជាក់ថា នៅការិយាល័យកណ្តាលនិងការិយាល័យនៅបរទេសរបស់មូលនិធិជប៉ុន មិនធ្វើការផ្តល់ជំនួយក្នុងការកក់ការប្រលងឬកក់ការប្រលងជំនួសនោះទេ។

4 អំពីការរៀនត្រៀមការប្រលង

សំណួរទី1តើគួររៀនត្រៀមបែបណា? តើមានឯកសារសិក្សាដែរឬទេ?
ចម្លើយ
សូមមើលគន្លឹះនៃការសិក្សាដែលឯកសារសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច មានប្រយោជន៍សម្រាប់ការត្រៀមប្រលងJFT-Basic ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។​​ សំណួរគំរូសម្រាប់ហ្វឹកហាត់របៀបឆ្លើយJFT-Basic ក៏ត្រូវបានផ្សព្វផ្សាយ ដែរ។
មូលនិធិជប៉ុនបានបង្កើត " Can-do ភាសាជប៉ុនសម្រាប់ការរស់នៅរបស់JF " ដែលពណ៌នាពីសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនកម្រិតមូលដ្ឋាន ចាំបាច់សម្រាប់ជនបរទេសដែលភាសាជប៉ុនមិនមែនជាភាសាកំណើត នៅក្នុងស្ថានភាពនៃការរស់នៅប្រទេសជប៉ុន ដោយប្រើប្រាស់ពាក្យថាCan-do(សមត្ថភាព”អាច”បំពេញកិច្ចការអ្វីមួយបាន) នៅឆ្នាំ2019។ ម្យ៉ាងទៀត ឯកសារសិក្សាភាសាជប៉ុន​ "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាព រស់នៅ " ដែលកំណត់យក " Can-do ភាសាជប៉ុនសម្រាប់ការរស់នៅរបស់JF " នេះ មកធ្វើជាគោលដៅនៃការសិក្សា ក៏មានផ្សព្វផ្សាយនៅលើគេហទំព័រនេះដែរ។ ដោយសារតែឯកសារនេះអាចជួយឲ្យបង្កើនសមត្ថភាពភាសាជប៉ុនបែបអនុវត្តបាន តាមរយៈការហ្វឹកហាត់ការស្តាប់និងនិយាយសន្ទនាដោយ ប្រើឯកសារជាសំឡេង និងការហ្វឹកហាត់ការអានដដែលប្រើឯកសារស្រដៀងគ្នានឹងរបស់ពិតជាដើម ហេតុនេះវាអាចប្រើប្រាស់បានយ៉ាងទូលំទូលាយសម្រាប់ទាំងការរៀនត្រៀមប្រលងJFT-Basic និងលោកអ្នកដែលសិក្សាភាសាជប៉ុនពីកម្រិតទើបចាប់ផ្តើមដល់កម្រិតដំបូង។
សំណួរទី2តើសំណួរប្រលងដែលធ្លាប់ចេញ មានផ្សព្វផ្សាយជាសាធារណៈឬបោះពុម្ពផ្សាយដែរឬទេ?
ចម្លើយ
ក្នុងពេលបច្ចុប្បន្ន មិនទាន់មានគម្រោងទេ។ ជាឯកសារយោង លោកអ្នកអាចមើលសំណួរគំរូ។

5 អំពីនៅថ្ងៃប្រលង

សំណួរទី1ខ្ញុំចង់សួរអំពីវត្ថុអាចយកចូលបាននៅថ្ងៃប្រលង ទីតាំងនៃមណ្ឌលប្រលង លំដាប់លំដោយពីពេលចុះឈ្មោះនៅថ្ងៃប្រលងរហូតដល់ប្រលងចប់។
ចម្លើយ
អំពីព័ត៌មានលម្អិតនៃលំដាប់លំដោយនៅថ្ងៃប្រលង សូមមើល "លំដាប់លំដោយនៅថ្ងៃប្រលង"។ ចំពោះសំណួរអំពីនៅថ្ងៃប្រលង(អំពីវត្ថុយកចូលបាន អំពីមណ្ឌលប្រលង អំពីលំដាប់លំដោយពីពេលចុះឈ្មោះដល់ប្រលងចប់ជាដើម) សូមសាកសួរទៅកាន់មជ្ឈមណ្ឌលសេវាអតិថិជនរបស់Prometric ដែលមានសរសេរលើគេហទំព័រកក់ការប្រលងPrometric។​
សំណួរទី2ប្រសិនបើពេលវេលាប្រលងនៅសល់ តើអាចពិនិត្យមើលខ្លឹមសារដែលបានឆ្លើយរួចហើយបានដែរឬទេ?
ចម្លើយ
នៅត្រង់ផ្នែក “អក្សរនិងវាក្យសព្ទ” “ការសន្ទនានិងវិធីនិយាយ” “ការអានហើយយល់” ពេលឆ្លើយសំណួរនៅផ្នែកនោះចប់ ប្រសិនបើមិនទាន់ប្តូរទៅផ្នែកបន្ទាប់គឺអាចត្រួតពិនិត្យឬឆ្លើយឡើងវិញបាន។ នៅផ្នែក “ការស្តាប់ហើយយល់” នៅពេលប្តូរទៅសំណួរបន្ទាប់ គឺមិនអាចត្រលប់មកទំព័រនៃសំណួរដែលបានឆ្លើយនៅមុននេះបានទេ។

6 អំពីការដាក់ពិន្ទុនិងការជូនដំណឹងអំពីលទ្ធផល

សំណួរទី1តើលទ្ធផលប្រលងត្រូវបានបញ្ចេញយ៉ាងដូចម្តេច?
ចម្លើយ
ចំពោះលទ្ធផលប្រលង ពិន្ទុសរុបនិងលទ្ធផលវិនិច្ឆ័យដែលផ្អែកលើពិន្ទុនោះនឹងត្រូវបានបង្ហាញ។ ពិន្ទុសរុបគឺចន្លោះពី10ទៅ250ពិន្ទុ។ ករណីពិន្ទុសរុបស្មើឬលើសពិន្ទុស្តង់ដារវិនិច្ឆ័យ(200ពិន្ទុ) នោះនឹងត្រូវបានវិនិច្ឆ័យថា "ឈានដល់កម្រិតសមត្ថភាពភាសាជប៉ុនត្រឹមកម្រិតដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានក្នុងកម្រិតមួយនិងមិនមានបញ្ហាក្នុងការរស់នៅ"។ ព័ត៌មានលម្អិត សូមមើលការជូនដំណឹងអំពីលទ្ធផលប្រលង។
សំណួរទី2តើមានការកំណត់ពិន្ទុទាបបំផុតដែលត្រូវតែយកឲ្យបាននៅតាមផ្នែកនីមួយៗដែរឬទេ?
ចម្លើយ
មិនមានការកំណត់ពិន្ទុទាបបំផុតដែលត្រូវតែយកឲ្យបាននៅតាមផ្នែកនីមួយៗទេ។ ការប្រលងនេះធ្វើការវាស់ស្ទង់ជាសរុបរួមពី4ផ្នែក ហើយប្រសិនបើពិន្ទុសរុបឈានដល់200ពិន្ទុ នោះនឹងត្រូវបានវិនិច្ឆ័យថា "ឈានដល់កម្រិតសមត្ថភាពភាសាជប៉ុនត្រឹមកម្រិតដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានក្នុងកម្រិតមួយនិងមិនមានបញ្ហាក្នុងការរស់នៅ"។
សំណួរទី3តើលទ្ធផលប្រលងអាចដឹងបាននៅពេលណា?
ចម្លើយ
លទ្ធផលប្រលង(ពិន្ទុសរុបនិងលទ្ធផលនៃការវិនិច្ឆ័យ)នឹងត្រូវបង្ហាញនៅលើផ្ទាំងអេក្រង់កុំព្យូទ័រដែលបានប្រលងក្រោយពេលចប់ការប្រលងនៅថ្ងៃប្រលង។ ម្យ៉ាងទៀត ក្នុងពេល5ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃប្រលង លិខិតបញ្ជាក់លទ្ធផលការប្រលងនឹងត្រូវចេញជូននៅលើគេហទំព័រកក់ការប្រលងPrometric។ សូមឡុកអ៊ីនចូលទៅក្នុងគេហទំព័រកក់ការប្រលង។
សំណួរទី4តើលិខិតបញ្ជាក់លទ្ធផលការប្រលងនឹងទៅដល់ដៃបេក្ខជនប្រលងដោយរបៀបណា?
ចម្លើយ
លិខិតបញ្ជាក់លទ្ធផលការប្រលងនឹងអាចមើលបាននៅលើគេហទំព័រកក់ការប្រលងក្នុងពេល5ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃប្រលង។ សូមឡុកអ៊ីនចូលទៅក្នុងគេហទំព័រកក់ការប្រលង។ ករណីត្រូវការលិខិតបញ្ជាក់លទ្ធផលការប្រលងជាក្រដាស សូមព្រីនយកទៅប្រើប្រាស់។​
សំណួរទី5តើលទ្ធផលប្រលងអាចប្រើប្រាស់បានយ៉ាងដូចម្តេច?
ចម្លើយ
វាអាចប្រើដើម្បីបញ្ជាក់សមត្ថភាពភាសាជប៉ុនដែលចាំបាច់ដើម្បីដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅប្រទេសជប៉ុន “សញ្ញាប័ត្រជំនាញកម្រិត១” ។
សំណួរទី6តើJFT-Basic អាចប្រើបានសម្រាប់ស្វែងរកការងារឬទទួលបានទិដ្ឋាការក្រៅពីសញ្ញាប័ត្រជំនាញកម្រិត១ បានដែរឬទេ?
ចម្លើយ
ក្នុងពេលបច្ចុប្បន្ន JFT-Basicមិនអាចប្រើដើម្បីទទួលបានទិដ្ឋាការក្រៅពីសញ្ញាប័ត្រជំនាញកម្រិត១ បានទេ។ ចំពោះឯកសារជាដើមដែលចាំបាច់ដើម្បីទទួលបានទិដ្ឋាការផ្សេងទៀត សូមមើលគេហទំព័ររបស់ក្រសួងការបរទេសជប៉ុន។
ម្យ៉ាងទៀត ចំពោះការប្រើប្រាស់JFT-Basicនៅក្នុងក្រុមហ៊ុនឬសាលាជាដើម សូមបញ្ជាក់ជាមួយក្រុមហ៊ុនឬសាលានោះ។
សំណួរទី7តើលទ្ធផលប្រលងមានរយៈពេលកំណត់សុពលភាពដែរឬទេ?
ចម្លើយ
លទ្ធផលប្រលងJFT-Basic មិនមានរយៈពេលកំណត់សុពលភាពទេ។ ទិន្នន័យនៃលទ្ធផលប្រលងនៅលើគេហទំព័រកក់ការប្រលង នឹងត្រូវបានរក្សាទុករយៈពេល5ឆ្នាំ។ ក្នុងកំលុងពេលនោះ អ្នកអាចមើលលិខិតបញ្ជាក់លទ្ធផលការប្រលងពីគេហទំព័រកក់ការប្រលងបាន ប៉ុន្តែក្រោយផុតកំលុងពេលនោះ លិខិតបញ្ជាក់លទ្ធផលការប្រលងនឹងមិនអាចមើលបានទៀតនោះទេ។ ក្នុងកំលុងពេលដែលទិន្នន័យនៃលទ្ធផលប្រលងត្រូវបានរក្សាទុកនៅលើគេហទំព័រកក់ការប្រលង សូមព្រីនទុក។
សំណួរទី8តើយើងអាចផ្ទៀងផ្ទាត់ “​ការ​ជូន​ដំណឹង​ស្ដីអំពីការវិនិច្ឆ័យលទ្ធផល” ​បានដោយរបៀបណា ​ដើម្បី​​ប្រាកដ​ថា លទ្ធផលនេះ​មិន​ត្រូវ​បាន​គេ​ក្លែង​បន្លំ ឬ​កែប្រែ?
ចម្លើយ
សម្រាប់ហេតុផលដ៏សមស្រប ពីទីភ្នាក់ងាររដ្ឋាភិបាលជប៉ុន ឬបរទេស ស្ថាប័នអប់រំ ដែលមានដូចជាសកលវិទ្យាល័យ ក្រុមហ៊ុន សហគ្រាសជាដើម មូលនិធិជប៉ុននឹងធ្វើការឆ្លើយតបទៅនឹងករណីដែលមានការសាកសួរស្ដីអំពីភាពត្រឹមត្រូវនៃខ្លឹមសារនៃការជូនដំណឹងស្ដីអំពីការវិនិច្ឆ័យលទ្ធផលតេស្ត។
សូមទាក់ទងទៅកាន់មូលនិធិជប៉ុនស្ដីអំពីនីតិវិធីលម្អិតសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
កំណត់ចំណាំ៖ មូលនិធិជប៉ុន ផ្នែកទី២ នៃភាសាជប៉ុន
អ៊ីម៉ែល៖ jft-basic@jpf.go.jp
(នៅពេលផ្ញើអ៊ីម៉ែល សូមប្តូរសញ្ញា@ ជ្រុងពេញលេញ “the double-byte” ទៅជាសញ្ញា @ ជ្រុងពាក់កណ្តាល “the single-byte”)
  • * សូមសរសេរជាភាសាជប៉ុន ឬភាសាអង់គ្លេស។ ក្រៅពីភាសាជប៉ុន និងភាសាអង់គ្លេស យើងខ្ញុំមិនអាចឆ្លើយតបបានឡើយ។
  • * យើងខ្ញុំមិនឆ្លើយតបទៅនឹងការសាកសួរតាមទូរសព្ទទេ។

7 អំពីសិទ្ធិស្នាក់នៅ “សញ្ញាប័ត្រជំនាញ"

សំណួរទី1តើសិទ្ធិស្នាក់នៅ “សញ្ញាប័ត្រជំនាញ" គឺជាអ្វី?
ចម្លើយ
វាគឺជាសិទ្ធិស្នាក់នៅដែលត្រូវ​បានបង្កើតដើម្បីទទួលយកជនបរទេសដែលមានឯកទេសឬជំនាញក្នុងកម្រិតមួយឲ្យចូលបម្រើការងារ ហើយមាន2ប្រភេទគឺសញ្ញាប័ត្រជំនាញកម្រិត១ និងសញ្ញាប័ត្រជំនាញកម្រិត២។
ព័ត៌មានលម្អិត សូមមើលគេហទំព័រខាងក្រោម។
សំណួរទី2តើJFT-Basic មានទំនាក់ទំនងបែបណាជាមួយនឹងសិទ្ធិស្នាក់នៅ “សញ្ញាប័ត្រជំនាញ" ?
ចម្លើយ
ដើម្បីទទួលបានសិទ្ធិស្នាក់នៅសញ្ញាប័ត្រជំនាញកម្រិត១ ចាំបាច់ត្រូវជាប់ការប្រលងវាស់ស្ទង់កម្រិតសមត្ថភាពជំនាញនៃការងារតាមផ្នែកនីមួយៗ(12វិស័យការងារ) (ការប្រលងសមត្ថភាពជំនាញ) ព្រមទាំងជាប់ការប្រលងវាស់ស្ទង់កម្រិតសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការងារនិងការរស់នៅ(ការប្រលងភាសាជប៉ុន) (ចំពោះអ្នកដែលបានបញ្ចប់ការបណ្តុះបណ្តាលសិក្ខាកាមហ្វឹកហ្វឺនជំនាញកម្រិត២ ដោយលទ្ធផលល្អ នឹងត្រូវបានលើកលែងការប្រលងទាំងពីរ)។ JFT-Basic ត្រូវបានប្រើប្រាស់ជាការប្រលងភាសាជប៉ុននេះ។ គួរបញ្ជាក់ថា លិខិតបញ្ជាក់កម្រិតN4ឡើងនៃការប្រលងសមត្ថភាពជំនាញភាសាជប៉ុន ក៏ត្រូវបានទទួលស្គាល់ថាមានកម្រិតសមត្ថភាពភាសាជប៉ុនចាំបាច់សម្រាប់សញ្ញាប័ត្រជំនាញកម្រិត១ផងដែរ។
សំណួរទី3តើការប្រលងសមត្ថភាពជំនាញក៏ត្រូវបានអនុវត្តដោយមូលនិធិជប៉ុនដែរឬ?
ចម្លើយ
ការប្រលងសមត្ថភាពជំនាញត្រូវបានអនុវត្តដោយក្រសួងឬទីភ្នាក់ងារដែលទទួលបន្ទុកផ្នែកនីមួយៗឬស្ថាប័នអនុវត្តការប្រលងដែលចាត់តាំងដោយក្រសួងឬទីភ្នាក់ងារនោះ។ ចំពោះស្ថាប័នអនុវត្តការប្រលងសមត្ថភាពជំនាញ សូមមើលគេហទំព័របណ្តុំនៃព័ត៌មានប្រលងរបស់ទីភ្នាក់ងារសេវាអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌។
សំណួរទី4តើការប្រលងសមត្ថភាពជំនាញជាក់លាក់ ត្រូវបានធ្វើឡើងនៅពេលណា កន្លែងណា?
ចម្លើយ
ការប្រលងសមត្ថភាពជំនាញត្រូវបានអនុវត្តដោយក្រសួងឬទីភ្នាក់ងារដែលទទួលបន្ទុកផ្នែកនីមួយៗឬស្ថាប័នអនុវត្តការប្រលងដែលចាត់តាំងដោយក្រសួងឬទីភ្នាក់ងារនោះ។ សម្រាប់គម្រោងនៃការអនុវត្តការប្រលងសមត្ថភាពជំនាញជាក់លាក់ សូមពិនិត្យមើលគេហទំព័ររបស់ក្រសួងឬទីភ្នាក់ងារនិងស្ថាប័នអនុវត្តការប្រលង។
គេហទំព័របណ្តុំនៃព័ត៌មានប្រលងដែលបង្កើតឡើងដោយក្រសួងយុត្តិធម៌មាននៅទីនេះ។
សំណួរទី5នៅក្នុងរបបសមត្ថភាពជំនាញជាក់លាក់ មានវិស័យដែលទទួលយកជនបរទេសចំនួន12។ ខ្ញុំគិតថាភាសាជប៉ុនដែលប្រើក្នុងការងារគឺខុសគ្នាទៅតាមជំនាញ អ៊ីចឹងតើចំពោះJFT-Basic ខ្លឹមសារប្រលងខុសគ្នាទៅតាមវិស័យដែរឬទេ?
ចម្លើយ
JFT-Basicជាការប្រលងដែលធ្វើការវិនិច្ឆ័យថាតើអ្នកប្រលងមានសមត្ថភាពភាសាជប៉ុនត្រឹមកម្រិតមួយគឺកម្រិតA2 ដែលជាស្តង់ដារនៃ “សមត្ថភាពត្រឹមកម្រិតដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានក្នុងកម្រិតមួយនិងមិនមានបញ្ហាក្នុងការរស់នៅ” ហេតុនេះខ្លឹមសារប្រលងមិនមានភាពខុសគ្នាតាមវិស័យនោះទេ។
សំណួរទី6ក្រៅពីJFT-Basic និងការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT)កម្រិតN4ឡើង តើមានការប្រលងភាសាជប៉ុនផ្សេងទៀតដែលអាចប្រើដើម្បីដាក់ពាក្យស្នើសុំសញ្ញាប័ត្រជំនាញកម្រិត១ ដែរឬទេ?
ចម្លើយ
ក្នុងពេលបច្ចុប្បន្ន ការប្រលងដែលក្រសួងឬទីភ្នាក់ងារមានសមត្ថកិច្ចនៃជំនាញ ទាំង14បានកំណត់ជាការប្រលងភាសាជប៉ុនដែលអាចប្រើដើម្បីដាក់ពាក្យស្នើសុំសញ្ញាប័ត្រជំនាញកម្រិត១ គឺមានតែ JFT-Basic និងការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT)កម្រិតN4ឡើងប៉ុណ្ណោះ។
Back to top