សំណួរញឹកញាប់
1 អំពីJFT-Basic
- សំណួរទី1តើJFT-Basicគឺជាការប្រលងបែបណា?
- ចម្លើយ
ការប្រឡង JFT-Basic គឺជាការប្រឡងមួយដែលត្រូវបានធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងក្នុងជីវភាពប្រចាំថ្ងៃនៃជនបរទេសដែលមកធ្វើការនៅប្រទេសជប៉ុនជួបប្រទះជាចម្បង។
តាមរយៈការប្រឡងនេះ គេធ្វើការវិនិច្ឆ័យថា តើភាសាជប៉ុនរបស់អ្នកប្រឡងមានកម្រិត A1, A2.1 ឬ A2.2 (A2) ដោយផ្អែកលើគោលការណ៍យោងរួមនៃភាសាអឺរ៉ុប (CEFR)
ព្រមទាំង "ស្តង់ដារ JF សម្រាប់ការអប់រំភាសាជប៉ុន
"(ស្តង់ដារ JF) និងក្របខ័ណ្ឌសម្រាប់ការអប់រំភាសាជប៉ុន
"។
លទ្ធផលនៃការវិនិច្ឆ័យនៃ JFT-Basic នេះ អាចប្រើជាការបញ្ជាក់អំពីសមត្ថភាពភាសាជប៉ុនដែលចាំបាច់ សម្រាប់ដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ "ពលករជំនាញជាក់លាក់លេខ1
" ឬ "ការធ្វើការដើម្បីអភិវឌ្ឍជំនាញ
" បាន។ - សំណួរទី2តើJFT-Basicប្រព្រឹត្តទៅដោយរបៀប ណា?
- ចម្លើយ
JFT-Basicត្រូវបានធ្វើឡើងតាមវិធិសាស្ត្រតេស្ដតាម កុំព្យូទ័រ(CBT:Computer Based Testing)។ នៅតាមប្រទេសនីមួយៗការប្រលងគឺធ្វើឡើងដោយប្រើកុំព្យូទ័រសម្រាប់ទាំងការចេញសំណួរនិងការឆ្លើយ។ នៅតុប្រលង អ្នកប្រលងត្រូវជ្រើសរើសចម្លើយសម្រាប់ សំណួរដែលមាននៅលើអេក្រង់កុំព្យូទ័រហើយប្រលងវិញ្ញាសារស្ដាប់ដោយប្រើកាសត្រចៀក
- សំណួរទី3តើស្ថាប័នណាជាអ្នករៀបចំការប្រលងJFT-Basic?
- ចម្លើយ
គឺមូលនិធិជប៉ុន។
- សំណួរទី4តើនរណាខ្លះអាចចូលរួមប្រលង JFT-Basic បាន?
- ចម្លើយ
ការប្រឡងនេះគឺសម្រាប់អ្នកមិនមែនជាអ្នកនិយាយភាសាជប៉ុនពីកំណើត។ ក៏ប៉ុន្តែ ល័ក្ខខ័ណ្ឌនៃការមានសិទ្ធិចូលប្រឡងគឺខុសគ្នាទៅតាមប្រទេសនីមួយៗ ដូច្នេះសូមមើលគេហទំព័ររបស់ Prometric
សម្រាប់ព័ត៌មានលម្អិត។ - សំណួរទី5តើJFT-Basic ត្រូវប្រលងនៅថ្ងៃណាហើយនៅ កន្លែងណា?
- ចម្លើយ
សូមមើលកាលវិភាគនៃការប្រឡង
។ - សំណួរទី6តើបេក្ខជនអាចប្រលងJFT-Basicនៅប្រទេសផ្សេងដែលមិនមែនជាប្រទេសខ្លួនកំពុងរស់នៅបានដែរឬទេ?
- ចម្លើយ
បាទ/ចាស លោកអ្នកអាចធ្វើបាន។ ក៏ប៉ុន្តែ ការពន្យល់ និងការបញ្ជាក់អំពីចំណុចដែលត្រូវប្រយ័ត្ន ជាអាទិ៍ នៅទីកន្លែងប្រឡងនីមួយៗ នឹងត្រូវធ្វើឡើងជាភាសានៃប្រទេសនៃទីកន្លែងនោះ ឬជាភាសាអង់គ្លេស តែមិនមានការពន្យល់ជាភាសាផ្សេងទេ។ ក្រៅពីនេះ សូមបញ្ជាក់ថា វិធីសាស្ត្របង់ប្រាក់សម្រាប់ថ្លៃប្រឡង គឺខុសគ្នាទៅតាមប្រទេសនីមួយៗ។
- សំណួរទី7តើអាចប្រលងតែមួយផ្នែកនៃ JFT-Basic បានដែរឬទេ?
- ចម្លើយ
មិនបានទេ។
- សំណួរទី8តើអាចប្រឡងម្ដងទៀតបានឬទេ?
- ចម្លើយ
ប្រសិនបើពិន្ទុសរុបរបស់លោកអ្នកគឺស្មើ ឬទាបជាង 199 ពិន្ទុ លោកអ្នកអាចប្រឡងម្ដងទៀតបាន។ ក៏ប៉ុន្តែ ចាំបាច់ត្រូវមានគម្លាត 45 ថ្ងៃរវាងកាលបរិច្ឆេទនៃការប្រឡងលើកមុន និងក្រោយ។ ប្រសិនបើលោកអ្នកធ្លាប់ទទួលបានពិន្ទុសរុប ស្មើឬលើស 200 ពិន្ទុ លោកអ្នកមិនអាចប្រឡងម្ដងទៀតបានទេ។
- សំណួរទី9តើការប្រលងនេះខុសគ្នានឹងការប្រលងសមត្ថភាពជំនាញភាសាជប៉ុន(JLPT)យ៉ាងដូចម្តេច?
- ចម្លើយ
ការប្រឡងសមត្ថភាពភាសាជប៉ុន (JLPT)
គឺជាការធ្វើតេស្តដ៏ទូលំទូលាយមួយដែលត្រូវបានធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពសិក្សាភាសាជប៉ុនរបស់អ្នករៀនដែលមានសាវតារផ្សេងៗគ្នា ហើយត្រូវបានបែងចែកជាប្រាំកម្រិត ចាប់ពី N1 ដល់ N5។ គេប្រើទម្រង់ជម្រើសច្រើន ហើយត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំនៅក្នុងប្រទេសជប៉ុន និងនៅបរទេស (ប្រហែល 90 ប្រទេស និងតំបន់)។ ស្ដីពីលទ្ធផលនៃការប្រឡង គេអាចដឹងបានតាមអ៊ីនធឺណិតប្រហែលពីរខែបន្ទាប់ពីថ្ងៃប្រឡង ហើយលិខិតជូនដំណឹងជាប់/ធ្លាក់នឹងត្រូវបានផ្ញើជូនប្រហែលបីខែក្រោយថ្ងៃប្រឡង។
ការប្រឡង JFT-Basic គឺជាការធ្វើតេស្តដើម្បីវាស់ស្ទង់សមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន និងការវិនិច្ឆ័យដោយបែងចែកសមត្ថភាពភាសាជប៉ុនជាបីកម្រិត គឺ A1, A2.1 និង A2.2 (A2)។ គេធ្វើតេស្តដោយប្រើកុំព្យូទ័រ (CBT) ហើយត្រូវបានធ្វើឡើងជារៀងរាល់ខែនៅក្នុងប្រទេសជប៉ុន និងនៅបរទេស (ភាគច្រើននៅអាស៊ី)។ រីឯលទ្ធផលវិញ គឺអាចដឹងបានភ្លាមៗនៅថ្ងៃប្រឡង ហើយលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ នឹងត្រូវបានចេញក្នុងរយៈពេលប្រាំថ្ងៃធ្វើការ គិតចាប់ពីថ្ងៃប្រឡង។
សរុបសេចក្ដីទៅ លក្ខណៈពិសេសនៃការប្រឡង JFT-Basic ត្រូវបានផ្តោតលើទិដ្ឋភាពនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន ហើយឱកាសប្រឡងក៏មានញឹកញាប់ ព្រមទាំងអាចទទួលលទ្ធផលបានភ្លាមៗ។ ដូច្នេះ អ្នកដែលដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ "ពលករជំនាញជាក់លាក់លេខ1
" ឬ "ការធ្វើការដើម្បីអភិវឌ្ឍជំនាញ
" គួរតែប្រើប្រាស់ JFT-Basic។
2 អំពីខ្លឹមសារនៃការប្រលង
- សំណួរទី1តើJFT-Basic ជាការប្រលងកម្រិតអ្វី?
- ចម្លើយ
នេះគឺជាការធ្វើតេស្តដើម្បីធ្វើការវិនិច្ឆ័យថា តើភាសាជប៉ុនរបស់អ្នកប្រឡងមានកម្រិត A1, A2.1 ឬ A2.2 (A2) ដោយផ្អែកលើគោលការណ៍យោងរួមនៃភាសាអឺរ៉ុប (CEFR)
ព្រមទាំង ស្តង់ដារ JF សម្រាប់ការអប់រំភាសាជប៉ុន (ស្តង់ដារ JF)
និង ក្របខ័ណ្ឌសម្រាប់ការអប់រំភាសាជប៉ុន
។ លម្អិត សូមមើលកម្រិតសមត្ថភាពភាសាជប៉ុនដែលត្រូវបានវិនិច្ឆ័យ។ - សំណួរទី2នៅក្នុងការប្រលងJFT-Basic តើមានចេញសំណួរបែបណាខ្លះ?
- ចម្លើយ
ការប្រឡង JFT-Basic មានបួនផ្នែកគឺ "អក្សរ និងវាក្យសព្ទ" "ការសន្ទនា និងការរៀបចំជាឃ្លា" "ការស្តាប់និងយល់" និង "ការអាននិងយល់"។ ដោយផ្អែកលើ គោលការណ៍យោងរួមនៃភាសាអឺរ៉ុប (CEFR)
និងស្តង់ដារ JF សម្រាប់ការអប់រំភាសាជប៉ុន
សំណួរគឺផ្អែកលើកម្រិតពី A1 ដល់ A2 នៃ Can-do។ សំណួរគំរូ
ក៏មានផ្សាយជាសាធារណៈផងដែរ ដូច្នេះសូមមើលក្នុងគេហទំព័ររបស់យើង។ សម្រាប់ព័ត៌មានស្ដីពីរបៀបសិក្សា សូមមើលសំណួរ និងចម្លើយនៅក្នុង "4. ការសិក្សាសម្រាប់ប្រឡង" និង "សំណួរទី 1៖ តើត្រូវសិក្សាយ៉ាងដូចម្តេច? តើមានសម្ភារៈសិក្សាឬទេ?"។ - សំណួរទី3តើនៅក្នុងJFT-Basic មានសំណួរសន្ទនា(ប្រលងនិយាយ) និងសំណួរតែងសេចក្តី(ប្រលងសំណេរ) ដែរឬទេ?
- ចម្លើយ
ទេ បច្ចុប្បន្ននេះគឺមិនទាន់មានទាំងពីរនេះទេ។
- សំណួរទី4តើការប្រលងJFT-Basic មានរយៈពេលប៉ុន្មាន?
- ចម្លើយ
60នាទី។
3 អំពីការកក់ការប្រលង
សម្រាប់ព័ត៌មានស្ដីពីការចុះឈ្មោះប្រឡង សូមមើល "នីតិវិធីប្រឡង"។ ចំពោះសំណួរទូទៅទាក់ទងនឹងការចុះឈ្មោះកក់ដើម្បីប្រឡង សូមទាក់ទងទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ Prometric
។ មុននឹងទាក់ទងទៅគេ សូមពិនិត្យមើលទំព័រសំណួរដែលសួរញឹកញាប់
នៅលើគេហទំព័ររបស់ Prometric។ សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាល និងការិយាល័យនៅក្រៅប្រទេសរបស់មូលនិធិជប៉ុន មិនផ្តល់សេវាកម្មចុះឈ្មោះប្រឡង ឬសេវាកម្មតំណាងការកក់នោះទេ។
4 អំពីការរៀនត្រៀមការប្រលង
- សំណួរទី1តើគួររៀនត្រៀមបែបណា? តើមានឯកសារសិក្សាដែរឬទេ?
- ចម្លើយ
សៀវភៅសិក្សា "Irodori ភាសាជប៉ុនសម្រាប់ជីវិតប្រចាំថ្ងៃ
" និងគេហទំព័រ "Irodori ភាសាជប៉ុនតាមអនឡាញ
" គឺជាសម្ភារៈសិក្សាដែលត្រូវបានរៀបចំឡើងដើម្បីជួយលោកអ្នកឱ្យទទួលបាននូវសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន ហើយខ្លឹមសារនៃការសិក្សានោះគឺផ្អែកលើ "Can-do" (អ្វីដែលអ្នកអាចធ្វើបានដោយប្រើភាសាជប៉ុន)។ ការប្រឡង JFT-Basic ក៏មានសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលផ្អែកលើ Can-do ដែរ។ ដូច្នេះ ការសិក្សាតាមរយៈ "Irodori ភាសាជប៉ុនសម្រាប់ជីវិតប្រចាំថ្ងៃ" និង "Irodori ភាសាជប៉ុនតាមអនឡាញ" និងការអាចសម្រេចបាននៃ Can-do នឹងមានប្រយោជន៍សម្រាប់លោកអ្នក ក្នុងការត្រៀមសម្រាប់ប្រឡង JFT-Basic។
តាមរយៈការសិក្សាតាម "Irodori ភាសាជប៉ុនសម្រាប់ជីវិតប្រចាំថ្ងៃ" និង "Irodori ភាសាជប៉ុនតាមអនឡាញ" លោកអ្នកអាចសម្រេចបាននូវការប្រើភាសាជប៉ុនក្នុងទិដ្ឋភាពនានានៃជីវភាពរស់នៅប្រចាំថ្ងៃ ដែលជា "គោលដៅនៃការសិក្សា" ហើយ "ការសិក្សា" ដើម្បីសម្រេចនូវគោលដៅនេះ រួមទាំង "ការវាយតម្លៃ" អំពីកម្រិតដែលសម្រេចបាន គឺសុទ្ធតែផ្អែកលើ Can-do ទាំងអស់។ ដូច្នេះ មិនត្រឹមតែសម្រាប់ត្រៀមក្នុងការប្រឡង JFT-Basic ប៉ុណ្ណោះទេ ថែមទាំងត្រៀមសម្រាប់ការរស់នៅក្នុងប្រទេសជប៉ុនផងដែរ។
លើសពីនេះ "ខ្លឹមសារសិក្សា" នៃ "វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORI" មាន "សំណួរដើម្បីរៀនសាឡើងវិញ" ដូចជា សំណួរស្ដីពី "ពាក្យ" "ខាន់ជី" "វេយ្យាករណ៍" "ឃ្លា" "ការស្តាប់" និង "អំណាន" ដែលស្រដៀងគ្នាទៅនឹងផ្នែក ឬប្រភេទសម្រាប់ការប្រលង JFT-Basic។ នៅក្នុងខ្លឹមសារនៃ "លំហាត់" អ្នកអាចហាត់អំពី "ពាក្យ" "ខាន់ជី" "វេយ្យាករណ៍" "ឃ្លា" បាន។ ដូច្នេះហើយ នៅក្នុង "វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORI" អ្នកអាចហាត់អនុវត្តជាក់ស្ដែង ដូច្នេះសូមប្រើប្រាស់វាឱ្យមានប្រយោជន៍ក្នុងការត្រៀមប្រលង JFT-Basic។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រស្ដីពី "គន្លឹះនៃការសិក្សា" ដែលមានប្រយោជន៍សម្រាប់ត្រៀមប្រលង JFT-Basic។ នៅក្នុងនោះ ក៏មានសំណួរគំរូ
ដែលស្រដៀងគ្នានឹងវិញ្ញាសារដែលចេញក្នុងការប្រលងជាក់ស្ដែងដែរ ដូច្នេះអ្នកអាចយល់ដឹងអំពី JFT-Basic បាន។ - សំណួរទី2ពេលលើកគោលដៅប្រឡង JFT-Basic កម្រិត A1, A2.1 និង A2.2 (A2) តើគួររៀន "Irodori: ភាសាជប៉ុនសម្រាប់ជីវិតប្រចាំថ្ងៃ" "សេចក្ដីផ្ដើម (A1)" សម្រាប់ A1 "ភាគដំបូងទី 1 (A2)" សម្រាប់ A2.1 និង "ភាគដំបូងទី 2 (A2)" សម្រាប់ A2.2 (A2) ដែរឬទេ?
- ចម្លើយ
ផ្នែក "សេចក្តីផ្តើម (A1)" នៃ "Irodori ភាសាជប៉ុនសម្រាប់ជីវិតប្រចាំថ្ងៃ" ត្រូវគ្នានឹង JFT-Basic A1។ ទាំង "ភាគដំបូងទី 1 (A2)" និង "ភាគដំបូងទី 2 (A2)" សុទ្ធតែជាសម្ភារៈសិក្សាកម្រិត A2 ហើយពេលសិក្សាសៀវភៅទាំងពីរនេះចប់ហើយ ជាគោលការណ៍ គឺអាចប្រឡង JFT-Basic A2.2 (A2) បាន។ រីឯ ការបញ្ចប់ "ភាគដំបូងទី 1(A2)" គឺអាចចាត់ទុកថា អាចប្រឡង A2.1 បាន។
- សំណួរទី3តើសំណួរប្រលងដែលធ្លាប់ចេញ មានផ្សព្វផ្សាយជាសាធារណៈឬបោះពុម្ពផ្សាយដែរឬទេ?
- ចម្លើយ
បច្ចុប្បន្ននេះ មិនទាន់មានផែនការបែបនេះទេ។ សម្រាប់ជាព័ត៌មានយោង សូមមើលសំណួរគំរូ
។
5 អំពីនៅថ្ងៃប្រលង
- សំណួរទី1ខ្ញុំចង់សួរអំពីវត្ថុអាចយកចូលបាននៅថ្ងៃប្រលង ទីតាំងនៃមណ្ឌលប្រលង លំដាប់លំដោយពីពេលចុះឈ្មោះនៅថ្ងៃប្រលងរហូតដល់ប្រលងចប់។
- ចម្លើយ
សម្រាប់ព័ត៌មានលម្អិតស្ដីពីនីតិវិធីនៅថ្ងៃប្រឡង សូមមើល "នីតិវិធីប្រឡង
"។ ចំពោះសំណួរទាក់ទងនឹងរបស់របរដែលត្រូវការ ទីកន្លែងប្រឡង និងដំណើរការចាប់ពីការចុះឈ្មោះរហូតដល់ការបញ្ចប់ការប្រឡង សូមទាក់ទងទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ Prometric
។ - សំណួរទី2ស្ដីពីការប្រើកុំព្យូទ័រដែលប្រើនៅកន្លែងប្រឡង ឬអេក្រង់នៃវិញ្ញាសាប្រឡង តើអាចពិនិត្យមើលមុនពេលប្រឡងបានដែរឬទេ?
- ចម្លើយ
បាទ/ចាស លោកអ្នកអាចពិនិត្យមើលនៅក្នុងនីតិវិធីនៃការប្រឡង
បាន។ អេក្រង់មួយចំនួនក៏អាចមើលឃើញនៅក្នុងសំណួរគំរូ
ផងដែរ។
បើសិនជាលោកអ្នកចង់ដឹងលម្អិតអំពីការប្រើជាក់ស្ដែងនៃអេក្រង់ធ្វើតេស្ត សូមមើលនៅទីនេះ៖
6 អំពីការដាក់ពិន្ទុនិងការជូនដំណឹងអំពីលទ្ធផល
- សំណួរទី1តើលទ្ធផលប្រលងត្រូវបានបញ្ចេញយ៉ាងដូចម្តេច?
- ចម្លើយ
លទ្ធផលនៃការប្រឡង មានបង្ហាញពិន្ទុសរុប និងលទ្ធផលនៃការវិនិច្ឆ័យដោយផ្អែកលើពិន្ទុនោះ។ ពិន្ទុសរុបគឺអាចមានពី 10 ទៅ 250 ពិន្ទុ ហើយពិន្ទុពី 145 ទៅ 174 ត្រូវបានចំណាត់ថ្នាក់ជា A1, ពិន្ទុពី175 ទៅ 199 ត្រូវបានចំណាត់ថ្នាក់ជា A2.1 ហើយពិន្ទុពី 200 ទៅ 250 ពិន្ទុ ត្រូវបានចំណាត់ថ្នាក់ជា A2.2 (A2)។ ក្នុងករណីដែលបានទទួលពិន្ទុទាបជាង 145 គេនឹងមិនបង្ហាញនូវលទ្ធផលនៃការវិនិច្ឆ័យនោះទេ តែនឹងត្រូវបានបង្ហាញជាសញ្ញាផ្កាយ (*)។ ស្ដីពីព័ត៌មានលម្អិត សូមមើល សេចក្ដីជូនដំណឹងអំពីលទ្ធផលនៃការប្រឡង។
- សំណួរទី2តើមានការកំណត់ពិន្ទុទាបបំផុតដែលត្រូវតែយកឲ្យបាននៅតាមផ្នែកនីមួយៗដែរឬទេ?
- ចម្លើយ
ទេ អត់មានទេ។ បើសិនជាពិន្ទុដែលបានវាស់វែងយ៉ាងទូលំទូលាយក្នុងផ្នែកទាំង៤នោះ មានកម្រិតស្មើនឹងស្ដង់ដារនៃកម្រិតនីមួយៗ លោកអ្នកនឹងត្រូវបានវិនិច្ឆ័យថា បានសម្រេចនូវកម្រិតនោះ។
- សំណួរទី3តើលទ្ធផលប្រលងអាចដឹងបាននៅពេលណា?
- ចម្លើយ
នៅថ្ងៃប្រឡង ពេលប្រឡងចប់ភ្លាម លទ្ធផលនៃការប្រឡង (ពិន្ទុសរុប និងលទ្ធផលនៃការវិនិច្ឆ័យ) នឹងត្រូវបានបង្ហាញនៅលើអេក្រង់របស់អ្នកប្រឡង។ លើសពីនេះ ក្នុងរយៈពេល 5 ថ្ងៃធ្វើការគិតចាប់ពីថ្ងៃប្រឡង គេនឹងចេញលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ តាមរយៈគេហទំព័ររបស់ Prometric
ដូច្នេះសូមចូលពិនិត្យមើល។ - សំណួរទី4តើលិខិតបញ្ជាក់លទ្ធផលការប្រលងនឹងទៅដល់ដៃបេក្ខជនប្រលងដោយរបៀបណា?
- ចម្លើយ
លិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យរបស់លោកអ្នក នឹងត្រូវបានចេញនៅលើគេហទំព័ររបស់ Prometric
ក្នុងរយៈពេល 5 ថ្ងៃធ្វើការគិតចាប់ពីថ្ងៃប្រឡង។ សូមចូលពិនិត្យមើល។ ប្រសិនបើលោកអ្នកត្រូវការលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យជាក្រដាស សូមព្រីនយកទៅប្រើ។ - សំណួរទី5តើលទ្ធផលប្រលងអាចប្រើប្រាស់បានយ៉ាងដូចម្តេច?
- ចម្លើយ
A1 អាចប្រើបានសម្រាប់ការដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ "ការធ្វើការដើម្បីអភិវឌ្ឍជំនាញ
" រីឯ A2.1 អាចប្រើជាចម្បងសម្រាប់នីតិវិធីនៅពេលដែលបុគ្គលនោះចង់ផ្ទេរទៅក្រុមហ៊ុនមួយផ្សេងទៀតក្រោមប្រព័ន្ធធ្វើការដើម្បីអភិវឌ្ឍជំនាញ ហើយ A2.2 (A2) អាចប្រើសម្រាប់ការដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ "ពលករជំនាញជាក់លាក់លេខ1
" បាន។
*អាស្រ័យលើឧស្សាហកម្មដែលលោកអ្នកធ្វើការ មានវិស័យខ្លះដែលគេត្រូវការសមត្ថភាពភាសាជប៉ុនកម្រិតខ្ពស់ជាងក៏មានដែរ។ - សំណួរទី6តើ JFT-Basic អាចប្រើសម្រាប់ការដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ ក្រៅពី "ពលករជំនាញជាក់លាក់លេខ1" និង "ការធ្វើការដើម្បីអភិវឌ្ឍជំនាញ" ឬទេ ឬក៏ប្រើសម្រាប់ធ្វើការ ឬបន្ដការសិក្សាកម្រិតខ្ពស់ថែមទៀតឬទេ?
- ចម្លើយ
បច្ចុប្បន្ននេះ គេមិនប្រើសម្រាប់ការដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ ក្រៅពី "ពលករជំនាញជាក់លាក់លេខ1
" និង "ការធ្វើការដើម្បីអភិវឌ្ឍជំនាញ
" ទេ។ ស្តីពីឯកសារជាអាទិ៍ដែលត្រូវការសម្រាប់ការដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅផ្សេងទៀត សូមមើលគេហទំព័ររបស់ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន
។
លើសពីនេះ ស្ដីពីការប្រើប្រាស់ JFT-Basic នៅក្នុងក្រុមហ៊ុន និងសាលារៀន សូមសួរបញ្ជាក់ទៅក្រុមហ៊ុន ឬសាលារៀននីមួយៗ។ - សំណួរទី7តើលទ្ធផលប្រលងមានរយៈពេលកំណត់សុពលភាពដែរឬទេ?
- ចម្លើយ
លទ្ធផលប្រលងJFT-Basic មិនមានរយៈពេលកំណត់សុពលភាពទេ។ ទិន្នន័យនៃលទ្ធផលប្រលងនៅលើគេហទំព័រកក់ការប្រលង នឹងត្រូវបានរក្សាទុករយៈពេល5ឆ្នាំ។ ក្នុងកំលុងពេលនោះ អ្នកអាចមើលលិខិតបញ្ជាក់លទ្ធផលការប្រលងពីគេហទំព័រកក់ការប្រលងបាន ប៉ុន្តែក្រោយផុតកំលុងពេលនោះ លិខិតបញ្ជាក់លទ្ធផលការប្រលងនឹងមិនអាចមើលបានទៀតនោះទេ។ ក្នុងកំលុងពេលដែលទិន្នន័យនៃលទ្ធផលប្រលងត្រូវបានរក្សាទុកនៅលើគេហទំព័រកក់ការប្រលង សូមព្រីនទុក។
- សំណួរទី8តើលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យដែលបានទទួលត្រឹមខែកក្កដា ឆ្នាំ2026 អាចប្រើបានពីខែសីហា ឆ្នាំ2026 ដែរឬទ?
- ចម្លើយ
អាចប្រើបាន។ បើសិនជាអ្នកបានប្រលងមុន ឬត្រឹមខែកក្កដា ឆ្នាំ2026 ហើយបានទទួលពិន្ទុសរុបស្មើ ឬខ្ពស់ជាងស្ដង់ដារវិនិច្ឆ័យ (200ពិន្ទុ) អ្នកអាចប្រើវាដើម្បីបញ្ជាក់ថា ភាសាជប៉ុនរបស់អ្នកមានកម្រិត A2.2 (A2)។
ប្រសិនបើអ្នកត្រូវការបញ្ជាក់ថា តើភាសាជប៉ុនរបស់អ្នកមានកម្រិត A1 ឬ A2.1 ដើម្បីដាក់ពាក្យសុំលក្ខណៈសម្បត្តិជា "Employment for Skill Development" ឬសម្រាប់គោលបំណងផ្សេងទៀត សូមប្រលងពីខែសីហា ឆ្នាំ 2026 ដែលជាពេលដែលគេសរសេរបញ្ជាក់ជាផ្លូវការ អំពីការវាយតម្លៃ A1 និង A2.1 នៅក្នុងលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ។ - សំណួរទី9តើយើងអាចផ្ទៀងផ្ទាត់ “ការជូនដំណឹងស្ដីអំពីការវិនិច្ឆ័យលទ្ធផល” បានដោយរបៀបណា ដើម្បីប្រាកដថា លទ្ធផលនេះមិនត្រូវបានគេក្លែងបន្លំ ឬកែប្រែ?
- ចម្លើយ
សម្រាប់ហេតុផលដ៏សមស្រប ពីទីភ្នាក់ងាររដ្ឋាភិបាលជប៉ុន ឬបរទេស ស្ថាប័នអប់រំ ដែលមានដូចជាសកលវិទ្យាល័យ ក្រុមហ៊ុន សហគ្រាសជាដើម មូលនិធិជប៉ុននឹងធ្វើការឆ្លើយតបទៅនឹងករណីដែលមានការសាកសួរស្ដីអំពីភាពត្រឹមត្រូវនៃខ្លឹមសារនៃការជូនដំណឹងស្ដីអំពីការវិនិច្ឆ័យលទ្ធផលតេស្ត។
សូមទាក់ទងទៅកាន់មូលនិធិជប៉ុនស្ដីអំពីនីតិវិធីលម្អិតសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
កំណត់ចំណាំ៖ មូលនិធិជប៉ុន ផ្នែកទី២ នៃភាសាជប៉ុន
អ៊ីម៉ែល៖ jft-basic@jpf.go.jp
(នៅពេលផ្ញើអ៊ីម៉ែល សូមប្តូរសញ្ញា@ ជ្រុងពេញលេញ “the double-byte” ទៅជាសញ្ញា @ ជ្រុងពាក់កណ្តាល “the single-byte”)- * សូមសរសេរជាភាសាជប៉ុន ឬភាសាអង់គ្លេស។ ក្រៅពីភាសាជប៉ុន និងភាសាអង់គ្លេស យើងខ្ញុំមិនអាចឆ្លើយតបបានឡើយ។
- * យើងខ្ញុំមិនឆ្លើយតបទៅនឹងការសាកសួរតាមទូរសព្ទទេ។
7 ស្ដីពីរបបពលករជំនាញជាក់លាក់ របបធ្វើការដើម្បីអភិវឌ្ឍជំនាញ
សម្រាប់ព័ត៌មានលម្អិតស្ដីពីរបបកម្មករជំនាញជាក់លាក់ និងរបបធ្វើការដើម្បីអភិវឌ្ឍជំនាញ សូមចូលទៅកាន់គេហទំព័ររបស់ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ខាងក្រោម។ លោកអ្នកអាចបញ្ជាក់មើលអំពីការប្រឡងជំនាញ និងសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់របបនីមួយៗផងដែរ។
សម្រាប់ព័ត៌មានស្ដីពីរបបជំនាញជាក់លាក់ សូមមើលគេហទំព័រខាងក្រោម ដែលមានការផ្តល់ព័ត៌មានច្រើនភាសាសម្រាប់ជនបរទេស។






